ទឹកជ្រោះអន្លង់រ័ត្ន
សំឡេងនៃសន្ធឹកទឹកជ្រោះហូរធ្លាក់ពីល្បាក់ភ្នំលាន់ឮសូរឈូៗគួបផ្សំនឹងល្បឿនខ្យល់ដែលបោកបក់មក
ប៉ះជាមួយព្រៃព្រឹក្សានិងស្លឹកឫស្សីឮសូរវូៗលាយឡំជាមួយនឹងសំឡេងយំរបស់បក្សាបក្សីផងនោះ
បង្កើតបានជាតន្ត្រីធម្មជាតិមួយយ៉ាងពីរោះក្រៃលែងធ្វើឱ្យភ្ញៀវទេសចរទាំងឡាយកាលបើបាន
ទៅដល់រមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្នហើយពិតជាមានអារម្មណ៍ភ្លឺថ្លាក្រៃលែង ។
ចំពោះអ្នក
ដែលស្រឡាញ់និងចូលចិត្តធម្មជាតិពិសេសភ្ញៀវទេសចរបរទេសទីនោះបានក្លាយទៅជាឋានសួគ៌
សម្រាប់ការលម្ហែកាយរបស់ពួកគេ ។
ទឹកជ្រោះអន្លង់រ័ត្នស្ថិតនៅចម្ងាយប្រមាណបួនគីឡូម៉ែត្រខាងជើងឧទ្យានជាតិគិរីរម្យនិងមានចម្ងាយប្រមាណបីគីឡូម៉ែត្រពីរមណីយដ្ឋានទឹកធ្លាក់ចំបក់មានទីតាំងស្ថិតក្នុងឃុំចំបក់ស្រុកភ្នំស្រួច
ខេត្តកំពង់ស្ពឺស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សហគមន៍ទេសចរណ៍ក្នុងឃុំចំបក់។រមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្នចាប់ផ្តើមបង្កើតឡើងនៅចុងឆ្នាំ២០០៨
ដោយមានការបង្ហាត់បង្រៀនពីអង្គការម្លប់បៃតងមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺក្រោមការឧបត្ថម្ភពីអង្គការ អាយវីស៊ីអិនរបស់ប្រទេសហុល្លង់។គេអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្នបានដោយមធ្យោបាយគ្រប់ប្រភេទទៅ
ដល់កន្លែងតែម្តង។មុននឹងបានចូលទៅដល់រមណីយដ្ឋានអន្លង់រ័ត្នភ្ញៀវទេសចរបានធ្វើដំណើរកាត់ភូមិស្ថានរបស់ប្រជាពលរដ្ឋ
ដែលពួកគេបានឈរទទួលស្វាគមន៍ភ្ញៀវយ៉ាងរាក់ទាក់និងកក់ក្តៅជាទីបំផុត។នៅក្នុងភូមិស្ថានទាំង
ប្រាំបួនរបស់ឃុំចំបក់មានផ្ទះសំណាក់ហូមស្តេយ៍ដំណាំហូបផ្លែផ្កាភ្ញីសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ
ដែលមានបំណងស្នាក់នៅនិងហូបចុកនៅទីនោះក្នុងតម្លៃសមរម្យដែលរៀបរៀងដោយអ្នក
ភូមិនៅក្នុងសហគមន៍ដោយផ្ទាល់ហើយបើភ្ញៀវទេសចរចង់ទស្សនាសិល្បៈសហគមន៍
នឹងរៀបចំសម្តែងជូនទស្សនាតាមសេចក្តីត្រូវការ ។
នៅខាងមុខស្នាក់ការសហគមន៍ទេសចរណ៍ទឹកជ្រោះអន្លង់រ័ត្ន
មានភ្នាក់ងារទេសចរណ៍សហគមន៍រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរដែលបានមកទស្សនានៅទីនេះ
។ភ្ញៀវទេសចរខ្មែរម្នាក់ដែលចូលទស្សនានៅរមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្នត្រូវបង់ប្រាក់ថ្លៃទិញសំបុត្រមួយពាន់រៀលឯភ្ញៀវបរទេសវិញ
ត្រូវចំណាយថវិកាមួយដុល្លារ ក្នុងការចូលទៅទស្សនាម្តងៗ ។
នៅរមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្នមានចំណុចបីសំខាន់ដែលធ្វើការទាក់ទាញភ្ញៀវទេសចរ
។ ទីមួយភ្ញៀវទេសចរអាចដើរកម្សាន្តលេងនៅក្នុងព្រៃនិងឡើងលើកំពូលភ្នំយ៉ាងខ្ពស់មួយដែលជាប្រភពនៃ
ទឹកហូរធ្លាក់ចូលទឹកជ្រោះអន្លង់រ័ត្ន។នៅពេលដែលយើងបានឈរនៅលើកំពូលភ្នំនោះ
យើងនឹងបានឃើញទិដ្ឋភាពព្រៃព្រឹក្សានិងទឹកជ្រោះជ្រលងដងអូរទាំងឡាយ
ព្រមទាំងមានខ្យល់អាកាសដ៏បរិសុទ្ធទៀតផង។ចំណុចទីពីរភ្ញៀវទេសចរអាចទៅទស្សនានៅទឹកជ្រោះអន្លង់រ័ត្ន
ហើយនិងបានឃើញទឹកជ្រោះដែលហូរធ្លាក់ពីលើកំពូលភ្នំយ៉ាងលឿនចុះមកក្រោមនៅរដូវវស្សាល្បឿនទឹកហូរយ៉ាងខ្លាំង ធ្វើឱ្យទឹកបែកពពុះយ៉ាងខ្លាំងនិងទឹកខ្ទាតបែកខ្ចាយទៅប៉ះនឹងផ្ទាំងថ្មនិងព្រៃព្រឹក្សាបង្កើតបានជាទេសភាពមួយថ្មីទៀត គួរឱ្យចង់គយគន់ក្រៃលែង។ចំពោះនៅរដូវប្រាំងវិញទឹកជ្រោះអន្លង់រ័ត្នបានហូរធ្លាក់សន្សឹមៗចូលទៅក្នុងស្ទឹង ហើយបន្តហូរកាត់ព្រៃព្រឹក្សានិងផ្ទាំងថ្មតូចធំធ្វើឱ្យអ្នកទេសចរដែលចូលចិត្តនិយមការងូតទឹកកម្សាន្តនៅទីកន្លែងនោះ
ហើយជាកន្លែងត្រេកត្រអាលក្រៃលែងរបស់ភ្ញៀវនៅពេលដែលគេបានឃើញនូវទេសភាពនិងទិដ្ឋភាពដែលទឹកហូរកាត់ ផ្ទាំងថ្មតូចធំ និង
មានរំលេចទៅដោយកូនត្រីតូចៗដែលហែលប្រដេញគ្នារកចំណីនៅតាមកន្លៀតថ្ម ។ចំណុចទីបីភ្ញៀវអាចទៅលេងកម្សាន្តនៅក្នុងបឹងមួយយ៉ាងធំដែលមានទំហំប្រមាណជាងមួយហិកតារ
ដែលមានទឹកថ្លាឆ្វង់និងនៅរដូវវស្សាទឹកល្អក់ជាងនៅរដូវប្រាំង។
នៅជុំវិញបឹងយ៉ាងធំនោះមានតូបតូចៗសម្រាប់ជួលឱ្យភ្ញៀវទេសចរ សម្រាកលម្ហែកាយ
អង្គុយ និង ដេកសម្រាក។នៅក្នុងទឹកបឹងយ៉ាងធំល្វឹងល្វើយភ្ញៀវទេសចរពិសេសភ្ញៀវខ្មែរតែម្តងនិយមងូតទឹកលេងកម្សាន្តមានពោងកៅស៊ូ កង់រថយន្តជាច្រើនត្រូវបានគេដាក់ជួលឱ្យភ្ញៀវដែលនិយមចុះងូតទឹកលេង។ក្រោយពីឡើងពីងូតទឹកលេងហើយភ្ញៀវទេសចរកុម៉្មង់មាន់ដុត ឬ
ម្ហូបផ្សេងៗរបស់សហគមន៍ដែលនាំគ្នាលក់ជូនភ្ញៀវតាមសេចក្តីត្រូវការមានរសជាតិឈ្ងុយឆ្ងាញ់
និង មានតម្លៃសមរម្យ ។
លោក វ៉ា
មឿន ប្រធានអង្គការម្លប់បៃតងបានឱ្យដឹងថា រមណីយដ្ឋានទឹកជ្រោះអន្លង់រ័ត្ននេះ
ស្ថិតនៅក្នុងព្រៃសហគមន៍ឃុំចំបក់ដែលមានផ្ទៃដីរួមជាងពីរហិកតារមានប្រជាពលរដ្ឋចំនួនប្រាំបួនភូមិជាអ្នកគ្រប់គ្រងនិងទទួលផល
ប្រយោជន៍ដោយផ្ទាល់ពីរមណីយដ្ឋាននេះ។ការបង្កើតឡើងរមណីយដ្ឋាននេះគឺមានគោលបំណងពីរសំខាន់ទីមួយគឺការរកចំណូលសម្រាប់កែប្រែនិង
លើកស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍និងទីពីរគឺការចូលរួមការពារបរិស្ថានបញ្ចៀសការកាប់ព្រៃឈើនិងបរបាញ់សត្វព្រៃនិង
បណ្តុះគំនិតប្រជាពលរដ្ឋឱ្យចេះស្រឡាញ់ព្រៃឈើ និង សត្វព្រៃ
ព្រោះទីនេះជាអាយុជីវិតរបស់គាត់ ។ ភ្ញៀវដែលទៅទស្សនានៅរមណីយដ្ឋានអន្លង់រ័ត្ន
ក្រៅពីការទស្សនាទឹកជ្រោះព្រៃព្រឹក្សា និង ងូតទឹកបឹង
ភ្ញៀវទេសចរក៏នាំគ្នាទៅកម្សាន្ត ល្បែងប្រជាប្រិយ ដែលសម្តែងដោយអ្នកភូមិ និង
ធ្វើការស្វែងយល់ពី ជីវភាព និង
ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះទៀតផង ៕
No comments:
Post a Comment